វប្បធម៌​ភូមិ​មូល ឬ​បន្ទាយ​គូ

វប្បធម៌​ភូមិ​មូល ឬ​បន្ទាយ​គូ (​ភាគ ១) : ប្លង់ ឬ​លក្ខណៈ ផ្សេងៗ នៃ​ទីប្រជុំជន ឬ​ទីក្រុង​មុន​ឥណ្ឌូ​រូបនីយកម្ម នៅ​កម្ពុជា

 

ការ​លើកយក​លក្ខណៈផ្សេងៗ​នៃ​ទីក្រុង​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​មក​អធិប្បាយ មាន​គោលដៅ គឺ​ការរួម ចំណែក និង​ជួយ​ស្វែងយល់​អំពី​ឫសកែវ​ខ្មែរ ក្នុងភូមិ​ភាគ​នេះ​ដែល​ដើមឡើយ​ជា​ភាគ​មួយ​នៃ​ទឹកដី​កំណើត​របស់​ពូជសាសន៍​ ខ្មែរ ។
​    ​ដូចនេះ បន្ទាប់ពី​ការដួលរលំ​ចក្រភព​អង្គរ​មក ទឹកដី​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ក៏ត្រូវ​បាន​ផ្តាច់​ពី​មាតុភូមិ​ខ្មែរ ដូច​ករណី​កម្ពុជា​ក្រោម និង ប្រទេស​លាវ ។ ក៏ប៉ុន្តែ បាន​បន្សល់ទុក​ស្លាកស្នាម​វប្បធម៌​មិនមែនជា​របស់​ជនជាតិ​ថៃ ដែលជា​ជនជាតិ​ចំណូល​ថ្មី​ចាប់តាំងពី​ស​.​តទី​១៣ ។​
​    ​យើង​ដឹង​ហើយ​ថា បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ជាពិសេស​យុគ​លោហធាតុ ចូលចិត្ត​កសាង​ទីប្រជុំជន រាង​មូល​ដូច​ក្បាច់ គូថ​ខ្យង ភាគច្រើន​នៅ​នៅលើ​ទី​ដី​ខ្ពស់ ឬ​ទួល ហើយ​មាន​គូរ​ទឹក​ហ៊ុំ​ព័ន្ធ​ជុំវិញ សម្រាប់​ការពារ​ជ្រកកោន​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន​អន្តរាយ ឬ ចម្បាំងរាំងជល់ ។ ដូចនេះ​កត្តា​សម្រាប់​ចងចាំ​ចំណាំទុក​នៃ​ទីប្រជុំជន​បុរាណ​ទាំងនោះ ដែលជា​លក្ខណៈ​ទូទៅ គឺ​រូបរាង​ជា​រង្វង់​មូល និង​គូ​ទឹក ជុំវិញ ដែល​គេ​បាន​ធ្លាប់​ជួបប្រទះ​ក្នុង​តំបន់​នានា​នៃ​ឥណ្ឌូចិន ក្នុង​ភូមិភាគ​កណ្តាល ។

​ថ្មីៗ​នេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកឯកទេស​ថៃ នៅក្នុង​ដែនដី​ខ្មែរ​បុរាណ ដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក បាន​ពង្រីក ការចេះដឹង​បន្ថែម ពី​អតីតកាល​របស់​ជនជាតិ​ខ្មែរ ។ ព្រោះ​ជាទី​ក្រុង​បុរាណ​ទាំងនោះ គឺជា​គ្រឹះ​យ៉ាង​មាំ​តែមួយគត់​សម្រាប់​ស្វែងយល់​អំពី​ការ អភិវឌ្ឍន៍​សង្គម​ខ្មែរ ។ អ្វីមួយ​ដែល​យើង​ចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ ទោះបី​វិសាលភាព​នៃ​ភូមិសាស្ត្រ​មានការ​ប្រែប្រួល​យ៉ាង ណាក៏ដោយ ។​
​    ​ម្យ៉ាងទៀត យើង​ក៏ត្រូវ​ទទួលស្គាល់ថា ដូនតា​ខ្មែរ​ក្នុងសង្គម​នា​សម័យបុរាណ​បាន​បាត់បង់​ភូមិភាគ​នេះ ពិតមែន ដោយ​ចាញ់ សង្គ្រាម ។ លើសពីនេះ​ទៀត​រហូត​សម័យអង្គរ បុព្វការី​ជន​ខ្មែរ បាន​បន្ត​បន្សល់ទុក​នៅលើ​ទីប្រជុំជន​បុរាណ​ទាំងនោះ នូវ​តឹកតាង​បុរាណវិទ្យា​ជា ច្រើន​លើសលុប​ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម ។​
​    ​តាម​ទំនង​នេះ យើង​អាច​និយាយបានថា រវាង​១០០០​ឆ្នាំមុន​គ​.​ស មុន​ការផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​បាន​អនុវត្ត​ពេញ​ភូមិភាគ នេះ​នូវ​ទីក្រុង​តូចធំ​ជាច្រើន ហើយ​ទីក្រុង​ដើម​ទាំងនោះ​ក៏បាន​ក្លាយទៅជា​បុរី​នា​សម័យ​ឥណ្ឌូ​រូបនីយកម្ម ។ ការណ៍​នេះ មាន​សារៈសំខាន់​ណាស់ ដល់​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​មានន័យថា ក្រុង​ខ្មែរ​ទាំងនោះ​ត្រូវបាន​កកើតឡើង​មុន​វប្បធម៌​បុរី​បែប​ឥណ្ឌា ។
​    ​ដូច្នេះហើយ​ចង់ ឬ​មិន​ចង់ ស្លាកស្នាម​នៃ​ក្រុង​បុរាណ​ទាំងឡាយ​ដែលជា​ទី​ប្រមូល​ប្រជុំជន នៅតែ​រស់​រវើក​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏ដូចជា​ក្នុង សតិសម្បជញ្ញៈ​របស់​អ្នកស្រុក​ដើមកំណើត​ខ្មែរ​ក្នុង​តំបន់ ក្នុង​ស្រមោល​អន្ទោលតាមប្រាណ ស្ថិតក្នុង​អារម្មណ៍​របស់​មនុស្ស​ខ្មែរ ទោះបី​ស្ថិត​នៅទីណា​ក៏ដោយ ។​
​    ​ឧទាហរណ៍​ជាក់ស្តែង​ជនជាតិខ្មែរ​នៅ​ចុង​ស​.​វ​ទី​១៩ ក៏ដូចជា​រហូតដល់​ដើម​ស​.​តទី​២១​នេះដែរ នៅពេលដែល​ជួបប្រទះ​គូ​ទឹក ឬក៏ ទួល​ទីក្រុង​បុរាណ​ទាំងនោះ​រមែងតែ​ពោលថា ទួល ឬ​ទីក្រុង​បុរាណ​ខ្មែរ ។ មានន័យថា ពួកគេ​មិនបាន​ភ្លេច​ស្នាដៃ​ដូនតា​របស់ខ្លួន នា​សម័យមុន ឡើយ បន្ទាប់ពី​ទឹកដី​កំណើត​របស់​ពួកគេ​ត្រូវ​ក្លាយទៅជា​ទឹកដី​ថៃ​ក្រោយពី​ សម័យអង្គរ​ក៏ដោយ ។ ដូចនេះ​តាំងពី​មុន​សម័យ​ឥណ្ឌូ​រូបនីយកម្ម រហូតមកដល់​សម័យ​ទំនើប​នេះ ជនជាតិខ្មែរ​នៅទីនេះ មិនបាន​ផ្លាស់ប្តូរ​ទីតាំង​ម្តងណា​ឡើយ ដោយហេតុថា​ពួកគេ​ជា​អ្នកស្រុក​ដើម ដោយ​ម្យ៉ាង វិញទៀត ពួកគេ​ភាគច្រើន​នៅតែ​រក្សាបាន​ភាសា និង​ប្រពៃណី​ខ្មែរ ហើយ​ជួនកាល​ជាប់​ខ្សែស្រឡាយ​ជាមួយ​ពួក​កួយ​ផង ។​
​    ​ការសិក្សា​អំពី​ទីប្រជុំជន ឬ​ក្រុង​បុរាណ​មុន​សម័យ​ប្រវត្តិសាស្ត្រ​មាន​ផលប្រយោជន៍​ជាច្រើន ព្រោះ​បាន​ជួយ យើង​ឲ្យ​ឃើញ​ការ​គ្រប់ គ្រង​រៀបចំ​ស្រុកភូមិ​តាមបែប​ជំនឿ​ជី​វច​ល​និយម ដូច​រាង​ទីក្រុង​ជា​ក្បាច់​គូថ​ខ្យង​ជាដើម និង​ការវិវត្តន៍​របស់​វា​ក្នុង​អតីតកាល ។​
​    ​យើង​បានដឹង​ជា​ប្រាកដថា តាមរយៈ​ការស្រាវជ្រាវ យើង​អាច​ឃើញ​ទីប្រជុំជន​បុរេប្រវត្តិសាស្ត្រ​មាន​ទ្រង់ទ្រាយ​ជាច្រើន ។ ទន្ទឹមនឹង នេះ ធ្វើ​ឲ្យ​យើង​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​ទីក្រុង​ទាំងនោះ នឹង​តំបន់​មួយចំនួនទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។​​នៅក្នុង​ខេត្ត​មួយចំនួន​ជាពិសេស​ក្នុង​ខេត្ត​បុរីរម្យ នៃ​ប្រទេស​ថៃ គេ​តែង​ជួប​ទីប្រជុំជន​ដែលមាន​លក្ខណៈ​ជា​រង្វង់​មូល ហើយ​ជួនកាល មាន​រង្វង់​ជាច្រើន​ជាន់​ដោយមាន​គូរ​ទឹក ហ៊ំ​ព័ន្ធ​ជុំវិញ​ថែមទៀត​ផង ។ ទម្រង់​ក្រុង​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ទៀត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ គឺ​រាង​ជា​ពងក្រពើ ។ ហើយ​ទីប្រជុំជន​ប្រភេទ​នេះ ស្ថិតនៅលើ​ទួល​មាន​រាង​រាបស្មើរ​បែប​ខ្សែកោង ភ្ជាប់​គ្នា​ដូច​រាង​ពងក្រពើ​អញ្ចឹង ។​
​    ​ក្រៅពីនេះ យើង​ក៏បាន​ឃើញ​នូវ​វត្តមាន​របស់​ទីប្រជុំជន​ជាច្រើន​ដែលមាន​រូបរាង​ជា​ រង្វង់​មូល​ដោយ​ស្ថិត​លើ ទួល​រាបស្មើ​បែប​ខ្សែកោង ជាប់​គ្នា ។ តែ​អ្វីដែល​គួរ​ឲ្យ​កត់ត្រា​នោះ​គឺ នៅ​ទីតាំង​នេះ​មាន​រាង​រង្វង់​មូល​ជាច្រើន​ជាន់ ឬ​ថ្នាក់ ។
​    ​នៅមាន​ទីក្រុង​ច្រើន​ប្រភេទ​ទៀត ដូចជា​ទីក្រុង​ដែលមាន​រាង​មូល ហើយ​មាន​ជ្រុង​មូល ដែល​គេ​ឃើញ​គូរ និង​ទួល​មាន​រាង​ជា​ខ្សែ​ត្រង់ ហើយ​ភ្ជាប់​គ្នា​ជា​មុំ​រង្វង់ ។ សូម​ជម្រាប​ផងដែរ​ថា នៅមាន​ទីប្រជុំជន​បុរាណ​មួយ​ប្រភេទ​ទៀត ដែលមាន​ជ្រុង​នៅ​មុំ គូរ​ទឹក​មាន​លក្ខណៈ​ត្រង់ ភ្ជាប់​គ្នា​ជា​មុំ​ជ្រុង​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​
​    ​មិនតែប៉ុណ្ណោះ​សោត ការវិភាគ​រូបថត​លើ​អាកាស ក៏បាន​ឲ្យ​ដឹង​ជា​បន្ថែមទៀតថា មាន​ទីក្រុង​ដែលមាន​លក្ខណៈ​សេរី​ពោលគឺ ខុស ប្លែក​ពី​ទម្រង់​ដែល​បាន​ជួប​នៅ​ខាងលើ ។ គូរ និង​ទួល​មាន​លក្ខណៈ​កោង​ភ្ជាប់​គ្នា​បែប​សេរី ។ ជនជាតិខ្មែរ​ដើម​រស់នៅក្នុង​តំបន់​នេះ​ក៏បាន​បន្សល់ ទុក​ទីប្រជុំជន​មួយចំនួន​ផ្សេងទៀត​ដែរ ដែលមាន​រូបរាង​ប្រហាក់ប្រហែល​នឹង​ទីក្រុង ទើបតែ​អធិប្បាយ​ខាងលើ តែមាន​ទ្រង់ទ្រាយ​ជួនកាល ស្របគ្នា ជួនកាល​មិន​ស្របគ្នា តាម​លក្ខណៈ​នៃ​ភូមិសាស្ត្រ ព្រោះ​កើតចេញ​តាម​សេចក្តី​តម្រូវការ​នា​ជំនាន់​នោះ ។​
​    ​សរុបមក ស្លាកស្នាម​នៃ​ស្ថាបត្យកម្ម​បុរាណ​នា​ចុង​សម័យ​លោហធាតុ​ខាងលើនេះ​ជាការ​ណ៍​ មួយ​យ៉ាងសំខាន់​ណាស់​បង្ហាញ​ឲ្យ​យើង ឃើញ​មានការ​កាន់កាប់​រៀបចំ​គ្រប់គ្រង​ភូមិភាគ​នេះ អ្វីមួយ​ដែល​សព្វថ្ងៃ​គេ​ឲ្យ​ឈ្មោះថា នគររូបនីយកម្ម ជា​សមិទ្ធផល​វប្បធម៌​សង្គម យ៉ាង សំខាន់​ជាងគេ  សម​ស្របតាម​ការវិវឌ្ឍ​ន៍​របស់​សហគមន៍​មន​ខ្មែរ​មុន​ការ​ជ្រួ​ប​ជ្រាប​នៃ​ ឥទ្ធិពល​ឥណ្ឌា​ក្នុងភូមិ​ភាគ​នេះ នា​សម័យ​ស​.​តទី​១ នៃ​គ​.​ស ៕​    ​    ​    ​
​    ​តទៅ​នេះ​គឺជា រូបភាព​បន្ទាយ​គូ​ទាំង​៧​ប្រភេទ​ដែល​លោក ធុ​យ ចាន់​ធួន បាន​រកឃើញ​នៅលើ​ទឹកដី​ខ្មែរ​បច្ចុប្បន្នៈ

១. ច្រកចូល​តែមួយ​ដោយមាន​ផ្លូវដី​ចូល ដោយ​មិន​មានការ​កាត់ផ្តាច់​ដោយ​គូ​ទឹក (​ស្ថានីយ​ក្រែក​៥២/​ស្ថានីយ​គគី​៦២), ២. ច្រកចូល​តែមួយ​គ្មាន​លើកដី​ធ្វើជា​ផ្លូវ​ដើរ (​ស្ថានីយ​លំពែង​២), ៣. ច្រកចូល​ពីរ​តែ​គ្មាន​លើកដី​ធ្វើជា​ផ្លូវដី (​ស្ថានីយ​កំពែង​១), ៤. មាន​ច្រកចូល​២ ហើយ​មាន​ទីទួល​មួយ​នៅ​ចំ​ពីមុខ​ច្រក​ធំ (​ស្ថានីយ​ត្រមែង​, ស្ថានីយ​កំពាន់​), ៥. ត្រង​ច្រកចូល​មាន​ទីទួល​មួយ​នៅ​ចំ​ពីមុខ​ច្រក​ទាំង​២ (​ស្ថានីយ​បេង​២), ៦. មាន​ដី​ជា​រាង​អណ្តាត​ចេញពី​ផ្ទៃ​ខាង​ក្នុងនៃ​ស្ថានីយ​ត្រង់​ច្រកចូល​មាន​ ទីទួល​មួយ​នៅ​ចំ​ពីមុខ​ច្រក​ទាំង​២ (​ស្ថានីយ​បេង​២, ស្ថានីយ​ត្របែក​) និង ៧. មាន​ច្រកចូល​ច្រើន (​ស្ថានីយ​ត្របែក​)​

​ ខាងលើនេះ គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​បុរេប្រវត្តិសាស្ត្រ​នៅក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ៕ (​ម​.​ត្រា​ណេ​)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: