សម័យអង្គ

-          ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកពីប្រទេសជ្វាប្រហែលជាគស ៨០០។ ពេលដំបូងព្រះអង្គទ្រង់​យាងទៅគង់នៅ​ឥន្រ្ទបុរៈ ទំនងជាត្រង់បន្ទាយព្រៃ​នគរ​ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។ មុននឹងបានឡើង​​សោយរាជ ព្រះអង្គត្រូវធ្វើការបង្រួបបង្រួម​ទឹកដីឲ្យបានមួយភាគសិន ដូច្នេះហើយបានជាព្រះអង្គត្រូវ​ផ្លាស់ប្តូររាជធានីញឹកញាប់​ណាស់។ បន្ទាប់ពីឥន្រ្ទបុរៈ ទ្រង់យាងទៅគង់​នៅម្តុំខាងជើងបឹងទន្លេសាបនៅ​ត្រង់​កុតិ​(ប្រាសាទបន្ទាយក្តី) រួចទៅនៅហរិហរល័យក្នុងស្រុករលួសប្រមាណជា១៥គម ពីក្រុង​សៀម​រាប បន្ទាប់មកទៀតនៅអមរេន្រ្ទបុរៈដែលទំនងជាស្ថិតនៅត្រង់ទំនប់ខាងលិចនៃ​បារាយទឹកថ្លា ព្រោះនៅទី​នោះគេឃើញមាន​ប្រាសាទក្នុងរចនាបថ ខាងដើមសិល្បៈ​បុរេអង្គរតែមុនរចនាបថគូលែន។ ចុងក្រោយ​បង្អស់ព្រះអង្គយាងទៅគង់នៅលើភ្នំគូលែន​(មហេន្រ្ទប៌វត) ទ្រង់ប្រារព្វធ្វើពិធីមួយហៅថា ពិធីទេវរាជក្នុង​គោលបំណងធ្វើអោយ​ប្រទេសខ្មែររួចពីចំណុះជ្វា និងព្រះអង្គមាន​ឋានៈជាស្តេចចក្រវាឡ។ ព្រះអង្គទ្រង់​​បញ្ជារឲ្យគេនិមន្តព្រាហ្មណ៍ម្នាក់ឈ្មោះហិរណ្យទាម ដែលមានចំនេះវិជ្ជាច្រើនខាងអាគមនៅ​ស្រុកជនបទ ព្រាហ្មណ៍នេះបានធ្វើពិធីមួយពិធីមួយតាមគម្ពីវិនាសិខ ហើយអភិសេកព្រះ​អង្គនៅគស៨០២ឲ្យមានឋានៈ​ជាកម្រ​តេងជគតតរាជ្យ។ ព្រាហ្មណ៍សិវកៃវល្យ​ក៏បានរៀនពីព្រាហ្មណ៍ហិរណ្យទាមនូវគម្ពីរបួនគឺវិនាសិខ-នយោត្តរសម្មោហ និងសិរច្ឆេទ ព្រមទាំងប្រារព្ធធ្វើពិធីទេវរាជទៀត​គឺអភិសេកសិវលិង្គដែលគេសន្មតថា​​បានមកពីព្រះឥសូរតាមរយៈព្រាហ្មណ៍ គេ​អាចសន្មតទុកថា អាត្ម័នពិសិដ្ឋរបស់ព្រះ​រាជាបានទៅសណ្ឋិត​នៅក្នុងសិវលិង្គនោះ ដែលបានក្លាយជាតំណាងឬនិម្មិតរូបនៃទេវ​រាជ។ ក្រោយពីធ្វើពិធីអភិសេកហើយ ព្រះរាជាក៏ក្លាយទៅជាព្រះឥសូបែងភាគដែលមាន​អំណាចគ្រប់គ្រងទៅលើសព្វសត្វ។ ដោយ​ហេតុថាព្រះ​ឥសូមាននៅលើភ្នំកៃ​លាស់ សិវលិង្គដែលជាតំណាងព្រះឥសូផង តំណាងព្រះរាជាផងក៏ត្រូវយកទៅតំ​កល់លើភ្នំ​ដែរ។ ប្រសិនបើគ្មានភ្នំធម្មជាតិទេ គេត្រូវកសាងប្រាសាទដែលមានឃឿនច្រើនជាន់ ឲ្យ​មានកំ​ពស់​ដូចភ្នំ ហៅថា ប្រាសាទភ្នំ ដែល​ត្រូវស្ថិតនៅចំកណ្តាលរាជធានីដែលគេ​ចាត់ទុកថានៅចំស្នូលកណ្តាលនៃចក្រ​វាឡថែមទៀតផង។ នេះជាលើកទី១ក្នុងប្រវត្តិ​សាស្ត្រខ្មែរ ហើយដែលគេមានឯកសារជាក់លាក់ស្តីពីពិធីទេវ​រាជដែលជាពិធីថ្មីមួយ។ ​ប្រវត្តិសាស្ត្រនៃឥណ្ឌូនេស៊ីបានឲ្យដឹងថាគេ​បានរកឃើញសិលាចារឹកសំស្ក្រឹតមួយ​​មានចុះកាលកំណត់ គស៧៦០ នៅភូមិភាគខាងកើតនៃកោះជ្វា។ សិលាចារឹកនេះបាន​និយាយពីក្សត្រជ្វា​ដែលគោរពបូជាលិង្គបូតិកេស្វរ ដែលជាតំណាងទេវរាជ។ ចំនែកឯ​ប្រវត្តិសាស្ត្រចាមក៏បានឲ្យដឹងថានៅស វ​ទី​៤ ព្រះបាទភទ្រវរ្ម័ន